រដ្ឋមន្រ្តីក្រសួងអប់រំ ភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញសិស្សបាក់ឌុបឆ្នាំនេះ ទទួលបាននិទ្ទេស «A» ច្រើនជាងឆ្នាំមុនជិត៣ដង
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលទ្ធផលសិស្សប្រឡងបាក់ឌុបជាប់នៅឆ្នាំនេះ ទទួលបាននិទ្ទេស «A» ច្រើនជាងឆ្នាំមុនជិត៣ដង គឺមានចំនួនរហូតទៅដល់៤០៥នាក់នៅទូទាំងប្រទេស។
លោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយលទ្ធផលនៃការប្រឡងបាក់ឌុបនៅមណ្ឌលខេត្តកណ្តាល និងរាជធានីភ្នំពេញត្រូវបានប្រកាសថា «លទ្ធផលល្អនេះ បានកើតឡើង ដោយសារតែ កត្តាសិស្ស រួមបញ្ជូលនឹងកត្តាគ្រូ ហើយនឹងការសហការបានយ៉ាងល្អពី អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងពីអង្គភាពប្រឆាំងអំពើពុករលួយជាដើម»។
នៅមុននេះ ក្រសួងអប់រំ បានបង្ហាញលទ្ធផលប្រឡងបាក់ឌុប នៅឆ្នាំនេះឲ្យដឹងថា មានអ្នកជាប់ ៦២.១៨ភាគរយ ក្នុងនោះ មានអ្នកជាប់និទ្ទេស A ចំនួន៤០៥នាក់ និទ្ទេស B ចំនួន២៨០១នាក់ និទ្ទេស C ចំនួន៥ ៥៩៥នាក់ និង និទ្ទេស E មានចំនួន៣៨ ១១៧នាក់។
បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥នាក់ មកពី៖ រាជធានីភ្នំពេញ មានចំនួន ១៨៣នាក់, សៀមរាប មានចំនួន ៣៦នាក់, បាត់ដំបង មានចំនួន ៣៤នាក់, កណ្តាល មានចំនួន ២៩នាក់, កំពង់ចាម មានចំនួន ២០នាក់, បន្ទាយមានជ័យ មានចំនួន ១៦ នាក់, ព្រៃវែង មានចំនួន ១៤ នាក់, កំពត មានចំនួន ១១ នាក់, ត្បូងឃ្មុំ មានចំនួន ១១នាក់, តាកែវ មានចំនួន ១១នាក់, កំពង់ធំ មានចំនួន ១០នាក់, ក្រចេះ មានចំនួន ០៩នាក់, កំពង់ឆ្នាំង មានចំនួន ០៧នាក់, ព្រះសីហនុ មានចំនួន ០៧នាក់, កំពង់ស្ពឺ មានចំនួន ០២នាក់, ពោធិ៍សាត់ មានចំនួន ០២នាក់, មណ្ឌលគិរី មានចំនួន ០១នាក់, ប៉ៃលិន មានចំនួន ០១នាក់, ឧត្តរមានជ័យ មានចំនួន ០១នាក់។
ក្រោយចេញលទ្ធផលនេះ លោក ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានិសិស្ស និងអាណាព្យាបាលសិស្ស និងដៃគូសហការដែលបានចូលរួមចំណែកធ្វើឲ្យការប្រឡងបាក់ឌុប នៅឆ្នាំនេះ ទទួលបានលទ្ធផលល្អបែបនេះ។
លោករដ្ឋមន្រ្តីក្រសួងអប់រំ នៅតែស្នើឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យទទួលបានលទ្ធផលល្អ។ លោក បានបង្ហាញមហិច្ឆិកាថា សិស្សបាក់ឌុប និទ្ទេសA នៅឆ្នាំក្រោយៗ នឹងមានការកើនឡើងជាបន្ត បន្ទាប់ទៀត។ ជាការគត់សម្គាល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានធ្វើកំណែទម្រង់ លើការប្រឡងបាក់ឌុប រយៈពេល៣ឆ្នាំហើយ កាលពីឆ្នាំ២០១៤ សិស្សបាក់ឌុប និទ្ទេសA មានតែ១១នាក់ ប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ២០១៥ មានចមនួន១០៨នាក់ និងនៅឆ្នាំ២០១៦នេះ សិស្សបាក់ឌុប និទ្ទេសA មានរហូតទៅដល់៤០៥នាក់៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment